ភ្នំពេញៈ ល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានបិទក្នុងទ្រង់ទ្រាយធំមិនធ្លាប់ មានដោយរាប់ចាប់តាំងពីល្បែងបៀ អាប៉ោង ឡូតូ….ឡើងទៅ។
ការព្រមានរបស់រាជរដ្ឋាភិបាលទៅលើក្លឹបល្បែងស៊ីសងនៅក្នុង ព្រះរាជាណាចក្រកម្ពុជាមិនបានមួយថ្ងៃផង យុទ្ធនាការបង្រ្កាបដោយទ្រង់ទ្រាយធំក៏ចាប់ផ្តើមឡើង។
លោក ទួច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់កម្ពុជាថ្មីថា យុទ្ធនាការរបស់សមត្ថកិច្ចរយៈពេល២ថ្ងៃមកនេះបានបិទក្រុមហ៊ុន ខេមបូស៊ិកចំនួន២៩ទីតាំង ស្ព័តធីងឡាយគ្រុបចំនួន១២ និងស្លុតម៉ាស៊ីន៦០កន្លែង។
លោក ទួច ណារ៉ុថ និយាយថា ចំនួនខាងលើនេះគ្រាន់តែជាតួលេខសាខាធំៗមិនរាប់បញ្ចូលអ្នក កត់ត្រាជាង៣០០កន្លែងនោះទេ។ ក៏ប៉ុន្តែទីតាំងតូចៗកត់តាមតុមាន៨០កន្លែងត្រូវបានបិទរួចរាល់។
លោកស្នងការក៏បានប្រាប់ឲ្យដឹងដែរថា យុទ្ធនាការបិទល្បែងស៊ីសងនៅពេលនេះមិននិយាយត្រឹមតែកន្លែង ភ្នាល់បាល់ ស្លុតម៉ាស៊ីនប៉ុណ្ណោះទេ ទីតាំងឆ្នោតកន្ទុយលេខក៏ត្រូវបិទដែរ។ ក្នុងនោះក៏រាប់បញ្ចូលទាំងល្បែងហ្គេមក្បែរសាលារៀន បៀ អាប៉ោង ឡូតូក៏មានវាសនាដូចគ្នាទាំងអស់។
យោងតាម មន្ត្រីអង្គការសង្គមស៊ីវិលមួយរូបបានធ្វើការបូកសរុបតួលេខត្រួសៗ រកឃើញថា បុគ្គលិក កម្មករ ដែលបាត់បង់ការងារពីក្លឹបល្បែងទាំងនោះមានចំនួនសរុបប្រហែលជាង ៩០០០នាក់។
មន្ត្រីនោះបានបង្ហើបថា គ្រាន់តែទីតាំងសាខារបស់ក្រុមហ៊ុនខេមបូស៊ិកប្រមាណ២៩ កន្លែងមានបុគ្គលិក១៤០០នាក់ត្រូវបាត់បង់ការងារ ឯក្លឹបល្បែងស្លុតម៉ាស៊ីន៦០ទីតាំងនិយាយសំដៅទៅលើតែក្រុមហ៊ុនធំៗ ដូច ជាហ្គោលដិនថាវវើ៦០០នាក់ សណ្ឋាគារមេគង្គ៤០០នាក់ ប៉ារ៉ាឌី២០០នាក់ និងកំពូលពេជ្រ៨០នាក់។
លោកអភិបាល ក្រុងភ្នំពេញ កែប ជុតិមា និយាយថា យុទ្ធនាការបិទក្លឹបល្បែងដំណើរការទៅគ្មានទីបញ្ចប់។ លោកប្រាប់ថា យើងមិនសំដៅទៅលើតែទីតាំងល្បែងធំៗនោះទេ សូម្បីតែល្បែងកន្ទុយលេខក៏យើងត្រូវបញ្ចប់ដែរ។
លោក អភិបាលក្រុងបាននិយាយថា វិធានការរបស់រាជរដ្ឋាភិបាលបង្ក្រាបក្លឹបល្បែងស៊ីសងត្រូវបានទទួល ការសាទរពីប្រជាពលរដ្ឋយ៉ាងពេញទំហឹងនៅទូទាំងប្រទេស។យោងតាមសេចក្តី ណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការអនុវត្តវិធានការបិទអាជីវកម្មល្បែង អេឡិចត្រូនិច និងមេកានិចគ្រប់ប្រភេទ និងល្បែងភ្នាល់កីឡាគ្រប់ប្រភេទ រាជរដ្ឋាភិបាលយល់ឃើញថា ក្លឹបល្បែងទាំងនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សីលធម៌រស់ នៅរបស់ប្រជាពលរដ្ឋ និងបង្កឲ្យមានភាពអសន្តិសុខ ប៉ះពាល់ដល់សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
យោងតាមការណែនាំខាងលើនេះហើយ ដែលធ្វើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តវិធានការនេះ។
នៅ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកឧបនាយករដ្ឋមន្ត្រីគាត ឈន់ ក៏បានបញ្ចប់អាជ្ញាប័ណ្ណ អាជីវកម្មក្លឹបល្បែងទាំងឡាយណាដែលមិនទាន់ផុតសុពលភាពក៏ត្រូវបាន បញ្ចប់ត្រឹមនេះដែរ។
យោងតាមសេចក្តីជួនដំណឹងនេះក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ដើម្បីបន្តកែទម្រង់ក្នុងសង្គម ពង្រឹងសណ្តាប់ធ្នាប់សារធារណៈ និងកែលម្អសីលធម៌សង្គមរាជរដ្ឋាភិបាលបានសម្រេចៈ
១-បិទ អាជីវកម្មល្បែងកម្សាន្តអេឡិចត្រូនិច និងមេកានិចគ្រប់ប្រភេទ (ស្លុតម៉ាស៊ីន) នៅទូទាំងប្រទេស។ អាជ្ញាប័ណ្ណអាជីវកម្មទាំងឡាយណាដែលបានផ្តល់ជួនកន្លងមកមិនទាន់ ផុតសុពលភាព ត្រូវចាត់ទុកជានិរាករណ៍ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។
២- បិទអាជីវកម្មភ្នាល់កីឡាបាល់ទាត់នៅទូទាំង ប្រទេស។ អាជ្ញាប័ណ្ណអាជីវកម្មទាំងឡាយណាដែលបានផ្តល់ជួនកន្លងមកមិនទាន់ ផុតសុពលភាពត្រូវចាត់ទុកជានិរាករណ៍ចាប់ពីថ្ងៃចេញសេចក្តីជូន ដំណឹងនេះតទៅ។
បានទទួលសេចក្តីជូនដំណឹងនេះហើយ អ្នកដែលមានអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មល្បែងកម្សាន្តអេឡិចត្រូនិក និងមេកានិចគ្រប់ប្រភេទ (ស្លុតម៉ាស៊ីន) និងល្បែងភ្នាល់កីឡាគ្រប់ប្រភេទនៅទូទាំងប្រទេសត្រូវបញ្ឈប់ សកម្មភាពជាបន្ទាន់។ ក្នុងករណីនៅតែចចេសរឹងរួសត្រួវផ្តន្ទាទោសជាធរមាន។
ដូច្នេះ ចាប់ពីពេលនេះតទៅទីតាំងល្បែងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ ហើយអ្នកមានអំណាចទាំងឡាយណានៅពីក្រោយក្លឹបល្បែងស៊ីសងទាំងនោះ មិនត្រឹមតែដកស័ក្តទេ តែនឹងត្រូវផ្តន្ទាទោសតាមច្បាប់៕
ដកស្រង់ចេញពីៈ
-កាសែតកម្ពុជាថ្មី ច្បាប់ចេញផ្សាយ ឆ្នាំទី០៨ លេខ១៨៨៤ ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០០៩។